នាថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តតាកែវ និងខេត្តរតនគិរី ចំណុះឱ្យអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបន្តអនុវត្តនូវតួនាទីនិងភារកិច្ចស្នូលរបស់ខ្លួន ដោយចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសទំនិញហូបចុក។
ជាក់ស្តែងនៅថ្ងៃដដែលនេះ មន្ត្រី ក.ប.ប. បានធ្វើតេស្តបឋមលើសំណាកគំរូម្ហូបអាហារសរុបចំនួន ១០គំរូ ដើម្បីពិនិត្យក្រែងមានវត្តមានសារធាតុគីមីហាមឃាត់ដែលនាំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ តាមលទ្ធផលបញ្ជាក់ដោយមន្ត្រីជំនាញ ក្នុងចំណោមសំណាកគំរូទាំងនោះ មានគំរូ ងៀតបបែលចំនួន ១គំរូ ស្មើនឹង ១.៤គីឡូក្រាម មានវត្តមានសារធាតុគីមីបូរ៉ាក់ (Borax)។ ដូចនេះមន្ត្រីជំនាញ បានដកហូត និងបន្តនីតិវិធីជាធរមាន។ យ៉ាងណាមិញ មន្ត្រីជំនាញពុំបានរកឃើញទំនិញហួសកាលបរិច្ឆេទ ឬពុំមានអនុលោមភាពផ្សេងទៀតនោះទេ៕