(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីភ្ជាប់បណ្តាញគំនិតអាជីវកម្ម ក្រោមប្រធានបទ “Connecting Cambodian & Thai Business and Beyond: Path for Future Partnership” ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម CHERDKIAT Atthakor ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នរដ្ឋ និង វិស័យឯកជន ជាច្រើនរូប។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ឱ្យអ្នកចូលរួមស្វែងយល់ពីឱកាសនៃការធ្វើអាជីវកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើម្បីស្វែងរកផលិតផល និងសេវាកម្មប្រកបដោយគុណភាព ប្រសិទ្ធភាព និងបង្កើតភាពជាដៃគូថ្មី ដែលជាផ្នែកមួយក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម រួមទាំងការពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។