(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងទី១នៃឯកសារយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា ២០២៥-២០៣០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានពាក់ព័ន្ធ តំណាងនាយកដ្ឋាន មន្រ្តីជំនាញ និងមន្ទីរពាណិជ្ជកម្មខេត្តពាក់ព័ន្ធ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមការងារជំនាញការនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ផងដែរ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី ១.) បង្ហាញពីវឌ្ឍនភាពពីការកែលម្អរលើសេចក្តីព្រាងលើកទី១នៃយុទ្ធសាស្ត្រពង្រីកនិងពិពិធកម្មទីផ្សារអង្ករកម្ពុជា២០២៥-២០៣០ ២.) ពិនិត្យ ពិភាក្សា និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងយុទ្ធសាស្រ្តនេះ ក៏ដូចជាពង្រាងផែនទីបង្ហាញផ្លូវស្តីពីខ្សែរច្រវាក់ផលិតកម្មស្រូវ-អង្ករនៅកម្ពុជា ២០២៥-២០៣០ និង ៣.) កំណត់ទិសដៅ និងកិច្ចការងារបន្ត ដើម្បីបញ្ចប់ការរៀបចំឯកសារយុទ្ធសាស្រ្ត និងឯកសារផែនទីបង្ហាញផ្លូវ។