មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានសហការជាមួយ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ នឹងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យទំនិញក្នុងរថយន្តមួយគ្រឿងស្ថិតក្នុងស្រុកភ្នំស្រួច

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយ លោកអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រួច បានចុះត្រួតពិនិត្យទំនិញក្នុងរថយន្តម៉ាក JMC មួយគ្រឿង ដែលបានជួបឧបត្តវហេតុក្រឡាប់លើផ្លូវល្បឿនលឿន នាយប់ថ្ងៃអាទិត្យទី១១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ នៅត្រង់ចំណុច ភូមិសំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលដឹកជញ្ជូនក្នុងទិសដៅពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ហើយសាខាគយនិងរដ្ឋាករ បានផ្ទេរទំនិញយកមករក្សាទុកនៅក្នុងសាខាគយនិងរដ្ឋាករ។

មុខទំនិញ ដែលមន្ត្រីជំនាញបានត្រួតពិនិត្យនាឱកាសនោះ មានចំនួនសរុបចំនួន ៤៣៨កេស ស្មើនឹង ៦តោន និង ១៩៩គីឡូក្រាម រួមមាន៖ ពងត្រីបង្កក ប្រហិតសាច់មាន់ប្រឡាក់ម្សៅ ប្រហិត SHENGLONG ប្រហិតបន្ទះសាច់មាន់ប្រឡាក់ម្សៅ សាច់មាន់ចង្កាក់ប្រឡាក់គ្រឿង ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក។

ជាលទ្ធផលមន្រ្តីជំនាញ បានរកឃើញថាទំនិញមួយចំនួនគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចូលនិងនាំចេញ និងការវេចខ្ចប់ការដឹកជញ្ជូន ព្រមទាំងជាទំនិញមិនមានប្រភពច្បាស់លាស់។ បន្ថែមពីនេះ ដោយម្ចាស់រត់ចោល មិនព្រមចូលខ្លួនមកដោះស្រាយ មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានសម្រេចធ្វើការដកហូត និងកម្ទេចចោលនូវទំនិញទាំងអស់នោះទៅតាមនីតិវិធី ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕

https://s2.moc.gov.kh/mocspace/mocspace_1723620009567.jpg
https://s2.moc.gov.kh/mocspace/mocspace_1723620009884.jpg
https://s2.moc.gov.kh/mocspace/mocspace_1723620009852.jpg
https://s2.moc.gov.kh/mocspace/mocspace_1723620009869.jpg
https://s2.moc.gov.kh/mocspace/mocspace_1723620009769.jpg
https://s2.moc.gov.kh/mocspace/mocspace_1723620009981.jpg
https://s2.moc.gov.kh/mocspace/mocspace_1723620009650.jpg
https://s2.moc.gov.kh/mocspace/mocspace_1723620009921.jpg