(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍អន្តរជាតិ «BCG THAI FESTIVE FAIR 2024» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម CHERDKIAT Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម លោកជំទាវតំណាងវិស័យឯកជន រួមទាំងពាណិជ្ជករថៃជាច្រើនរូប។
ថ្លែងក្នុងពិធីបើកម្ពោធ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតថៃប្រចាំកម្ពុជា
ដែលបានរៀបចំពិព័រណ៍ខាងលើ និងបានទាក់ទាញក្រុមហ៊ុនធំៗរបស់ប្រទេសថៃ ឱ្យមកចូលរួម ដូចជា៖ ផ្សារទំនើបMakro, 7-Eleven, Big C, PTT, SCG, CP Cambodia, Betagro, Global House, TOA ជាដើម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តក្រុមហ៊ុនថៃទាំងអស់ពង្រីកអាជីវកម្មនៅកម្ពុជាបន្ថែមទៀត ដើម្បីទាញយកអត្ថប្រយោជន៍ពីបរិយាកាសវិនិយោគយ៉ាងល្អប្រសើរនៅកម្ពុជា ជាពិសេសជំរុញផលិតផលកម្ពុជានាំចេញទៅកាន់ប្រទេសថៃឱ្យបានកាន់តែច្រើនផងដែរ។
សូមជម្រាបថា ពិព័រណ៍ «BCG THAI FESTIVE FAIR 2024» រៀបចំចាប់ពីថ្ងៃទី១៥-១៨ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍នេះ មានក្រុមហ៊ុនមកពីប្រទេសថៃ និងកម្ពុជាសរុបជាង ២០០ក្រុមហ៊ុន ដែលមានស្តង់សរុបចំនួន ២៥០ស្តង់ ដោយបានដាក់តាំងបង្ហាញផលិតផលម៉ាកល្បីៗរបស់ថៃ ដូចជា៖ ផលិតផល OTOP របស់ប្រទេសថៃ គ្រឿងសម្អាងនិងផលិតផលសុខភាព គ្រឿងប្រើប្រាស់ក្នុងផ្ទះនិងផ្ទះបាយ វត្ថុអនុស្សាវរីយ៍ និងការតុបតែងគេហដ្ឋាន ជាពិសេសផលិតផល និងបច្ចេកវិទ្យាដែលមិនប៉ះពាល់បរិស្ថានពីប្រទេសថៃ (Bio-Circular Green Economy: BCG)៕