មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរសង្កាត់បឹងធំ រៀបចំវគ្គអប់រំផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ៥៩៨នាក់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» រាជធានីភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរសង្កាត់បឹងធំ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ៥៩៨ នាក់ ដែលស្ថិតនៅវិទ្យាល័យបឹងធំ ភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌនិងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិរបស់អ្នកប្រើប្រាស់ សំដៅលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងប្រកបដោយសមធម៌ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។

ជាមួយគ្នានេះ មន្ត្រីជំនាញបានចែកជូននូវផ្ទាំងរូបភាព (Poster) ស្ដីពីសុវត្ថិភាពម្ហូបអាហារចំនួន ៦០០សន្លឹក ដល់អ្នកចូលរួម ដែលបង្ហាញពីរបៀបជ្រើសរើសម្ហូបអាហារ ប្រកបដោយគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុអាហារ។ បន្ថែមពីនេះ មន្ត្រីជំនាញក៏បានពន្យល់ណែនាំដល់អាជីវករ អ្នកលក់ដូរ ដោយមិនត្រូវដាក់លក់ចំណីអាហារហាមឃាត់ក្នុងគ្រឹះស្ថានសិក្សាដែលក្រសួងអប់រំ យុវជន និងកីឡា មិនអនុញ្ញាតឡើយ។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានបង្ហាញដល់អ្នកចូលរួមអំពី CCF Complaint app ដែលអ្នកប្រើប្រាស់អាចដាក់ពាក្យបណ្តឹង និងទាញយកឯកសារជាច្បាប់ និងបទប្បញ្ញត្តិនានាតាមរយៈទូរស័ព្ទដៃផងដែរ។ ជាងនេះទៅទៀត ក្នុងករណីបងប្អូនឃើញមានផលិតផលដែលអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងអ្នកទទួលទាន សូមផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹងតាមរយៈ CCF Complain App នេះ ឬតាមលេខទូរស័ព្ទ Hotline 1266 (ដោយឥតគិតថ្លៃ) របស់ក្រសួងពាណិជ្ជកម្ម ឬមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕

https://s2.moc.gov.kh/mocspace/mocspace_1723799652300.jpg
https://s2.moc.gov.kh/mocspace/mocspace_1723799652498.jpg
https://s2.moc.gov.kh/mocspace/mocspace_1723799652643.jpg
https://s2.moc.gov.kh/mocspace/mocspace_1723799652652.jpg
https://s2.moc.gov.kh/mocspace/mocspace_1723799652638.jpg
https://s2.moc.gov.kh/mocspace/mocspace_1723799652706.jpg
https://s2.moc.gov.kh/mocspace/mocspace_1723799652671.jpg
https://s2.moc.gov.kh/mocspace/mocspace_1723799652630.jpg