(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋានកិច្ចការហាឡាល ក្រសួងពាណិជ្ជកម្ម ដែលជាលេខាធិការដ្ឋាន នៃ គ.ត.ផ.ហ.ក. និងក្រុមឯកទេសផលិតផលហាឡាល នៃគ.ត.ផ.ហ.ក. ចូលរួមកិច្ចប្រជុំបច្ចេកទេសជាមួយក្រសួងទេសចរណ៍ ពី «សេចក្តីព្រាងនៃនិមិត្តសញ្ញា Muslim Friendly និងលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃមូលដ្ឋានអាជីវកម្មទេសចរណ៍បញ្ជាក់ពីសមត្ថភាពក្នុងការត្រៀមខ្លួនទទួលទេសចរណ៍មូស្លីម» ដែលដឹកនាំដោយ ឯកឧត្តម កាទើមហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារទេសចរណ៍មូស្លីម។
គោលបំណងនៃកិច្ចប្រជុំខាងលើ គឺដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃមូលដ្ឋានអាជីវកម្មទេសចរណ៍ដើម្បីបានទទួលនិមិត្តសញ្ញា «Muslim Friendly» ដែលរៀបចំដោយក្រសួងទេចរណ៍ ដើម្បីឱ្យមានសង្គតិភាពជាមួយតួនាទីនិងភារកិច្ចរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មូស្លីមដែលចូលមកលេងក្នុងប្រទេសកម្ពុជាយើង។