(កំពត)៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០២៤ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពត ដោយបានកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពីសុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ លោកគ្រូ អ្នកគ្រូ ចំនួន ១៣ នាក់ និងសិស្សានុសិស្ស ប្រមាណ ៣៧៥នាក់ ពីថ្នាក់បឋម ដល់ថ្នាក់ទី៩ នៅសាលាបឋម នឹងអនុវិទ្យាល័យ ហ៊ុនសែន ជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញសាខា ក.ប.ប. បានចុះត្រួតពិនិត្យតាមតូបលក់ទំនិញនៅក្នុងសាលា និងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីរបៀបពិនិត្យស្លាកសញ្ញា ផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាព ជូនអ្នកចូលរួមទាំងអស់បានចំនួន ១០០ផ្ទាំង ខិតប័ណ្ឌហាឡាលចំនួន ៥០ ផងដែរ។
ក្រោយពីបញ្ចប់កម្មវិធីចុះផ្សព្វផ្សាយនៅតាមសាលារួចមក មន្រ្តីជំនាញ បានបន្តចុះត្រួតពិនិត្យទំនិញនៅតាមតូបក្នុងផ្សារជុំគ្រៀល ក្នុងស្រុកទឹកឈូ ខេត្តកំពត ហើយជាលទ្ធផលពុំមានរកឃើញនូវទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ។