(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអន្តរក្រសួង-ស្ថាប័ន ដើម្បីសម្របសម្រួលដំណើរទស្សនកិច្ចរបស់ផ្នែកគោលនយោបាយបសុសត្វនៃរដ្ឋបាលខេត្ត Jeju នៃសាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអគ្គនាយកពាណិជ្ជក្នុងប្រទេស លោកអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន តំណាងរដ្ឋបាលរាជធានី មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្ត្រីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិភាក្សាពីឱកាសវិនិយោគលើកសិដ្ឋានពូជជ្រូកខ្មៅពីខេត្ត Jeju នៃសាធារណរដ្ឋកូរ៉េ និងសម្របសម្រួលដំណើរទស្សនកិច្ចរបស់ភាគីកូរ៉េ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។