(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងអង្គការ GIZ Cambodia ក្នុងគោលបំណងដើម្បីចាប់ផ្តើមគម្រោង GIZ EU GATE ដែលជាជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍លើវិស័យពាណិជ្ជកម្មរបស់កម្ពុជា។
កិច្ចពិភាក្សាសំខាន់ៗ ដែលធ្វើឡើងនៅពេលនោះ រួមមាន៖ ការរៀបចំយុទ្ធសាស្ត្រជំរុញការនាំចេញ ការផ្សព្វផ្សាយទៅកាន់ទីផ្សារគោលដៅ និងការបង្កើតយុទ្ធសាស្ត្រ Branding សម្រាប់ផលិតផល “ផលិតនៅកម្ពុជា” ហើយក៏បានពិភាក្សាលើការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា និងកិច្ចសម្របសម្រួលការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារសក្ដានុពល ផ្សេងទៀត។