(កំពង់ស្ពឺ)៖ នារសៀល ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញធ្វើទស្សនកិច្ចដោយផ្ទាល់ នៅរោងម៉ាស៊ីនកិនស្រូវរោងម៉ាស៊ីនកិនស្រូវ អប្សារារ៉ាយស៍ (ខេមបូឌា) ឯ.ក ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥១ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយកធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ គណ:ប្រតិភូជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងទាំងបី ព្រមទាំងថ្នាក់ដឹកនាំនិងសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករ ជាច្រើនរូបផងដែរ។
ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលទិដ្ឋភាពជាក់ស្តែងអំពីសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ព្រមទាំងរួមគ្នាផ្សព្វផ្សាយអំពីសក្តានុពលរបស់វិស័យស្រូវអង្ករកម្ពុជាដោយឈរលើមូលដ្ឋាន (ដាំដុះមានគុណភាពល្អ កិនកែច្នៃប្រកបដោយសុវត្ថិភាព និងទីផ្សារដែលមាននិរន្តរភាព និងប្រាក់ចំណេញដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយនានា)៕