(មណ្ឌលគិរី)៖ នាថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចំនួន ២០០នាក់ទៀត ទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកសុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការហាឡាល និងកម្មវិធីទទួលពាក្យបណ្ដឹង (Compliant App) ពីមន្រ្តីជំនាញកសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តមណ្ឌលគិរី។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងផ្ដល់នូវពុទ្ធិផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងបានផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ខ្លួន និងសិទ្ធិរបស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។
ក្រោយពីវគ្គបណ្ដុះបណ្ដាលមន្រ្តីជំនាញក៏បានចែកជូនខិត្តប័ណ្ណផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូប្រមាណជាង ២០០សន្លឹក ផងដែរ។