(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវរដ្ឋមន្រ្តី បានទទួលជួបសម្តែងការគួរសម និងឧទ្ទេសនាមសមាសភាពក្រុមប្រឹក្សាភិបាលថ្មីរបស់សមាគមភស្តុភារកម្មកម្ពុជា (ស.ភ.ក.) អាណត្តិទី៩ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងគណៈប្រតិភូដែលជាសមាជិករបស់សមាគមភស្តុភារកម្មកម្ពុជាជាច្រើនរូប។
កិច្ចជំនួបនេះរៀបចំឡើងក្នុងគោលបំណងស្តាប់របាយការណ៍អំពីការឧទ្ទេសនាមនូវសមាភាពក្រុមប្រឹក្សាភិបាលថ្មី កិច្ចសហប្រតិបត្តិការ និងផែនការនានារបស់សមាគមភស្តុភារកម្មកម្ពុជា (ស.ភ.ក.) អាណត្តិទី៩ (២០២៤-២០២៦) ព្រមទាំងការផ្តល់អនុសាសន៍ណែនាំ និងកិច្ចគាំទ្រពីក្រសួងពាណិជ្ចកម្ម ក្នុងគោលបំណងធ្វើឱ្យវិស័យដឹកជញ្ជូន ឱ្យកាន់តែមានភាពល្អប្រសើរឡើង ដើម្បីចូលរួមចំណែកធ្វើឱ្យពាណិជ្ជកម្មនៅកម្ពុជាមានភាពរីកចម្រើនបន្ថែមទៀត។