(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល នូវសម្ភារៈផលិតមាតិកាអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ដែលជាការឧបត្ថម្ភពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) តំណាងដោយ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយិកាប្រចាំប្រទេសផ្នែកទំនាក់ទំនងសាធារណៈ និងចីរភាព។
ពិធីប្រគល់ទទួលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. និងតំណាងក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមប្រតិភូ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណ ចំពោះការរួមចំណែករបស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) ក្នុងការអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងសាធារណៈលើប្រធានបទសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ តាមរយៈការផ្ដល់នូវសម្ភារៈផលិតមាតិកាទាំងនេះ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពរបស់ប្រជាជនកម្ពុជាផងដែរ៕