(ម៉ុងត្រេអាល កាណាដា)៖ នាថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Investissement Quebec International នៅទីស្នាក់ការក្រុមហ៊ុន ក្នុងទីក្រុងម៉ុងត្រេអាល ខេត្តហ្កេបិក ប្រទេសកាណាដា។
នៅក្នុងជំនួបនេះ តាមការស្នើសុំពីតំណាងក្រុមហ៊ុន ឯកឧត្តមរដ្ឋលេខាធិការ បានពន្យល់យ៉ាងលម្អិតអំពីស្ថានភាពវិនិយោគនៅកម្ពុជា គោលនយោបាយ ច្បាប់ពាក់ព័ន្ធ ព្រមទាំងនីតិវិធីចាំបាច់ក្នុងការគាំទ្រគម្រោងវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ថាមពលបៃតង និងភស្តុភារកម្មនៅកម្ពុជា។
ក្នុងឱកាសនោះ ភាគីតំណាងក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងសម្របសម្រួល ដឹកនាំគណៈប្រតិភូវិនិយោគិនហ្កេបិក ទៅធ្វើទស្សនកិច្ចសិក្សាឱកាសវិនិយោគលើវិស័យខាងលើ នៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នាពេលដ៏ខ្លីខាងមុខនេះ ក្នុងនោះក៏មានកម្ពុជា ផងដែរ។
ក្រោយជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តមានជំនួបពីរផ្សេងគ្នាទៀតជាមួយ លោក Michael Goodman ដៃគូស្ថាបនិកក្រុមហ៊ុន Glen Ventures និង លោក Francis Baillet អនុប្រធានកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន Ubisoft ដើម្បីពិភាក្សាលទ្ធភាពវិនិយោគវិស័យវេជ្ជសាស្ត្រឌីជីថល និងអាជីវកម្មថ្មីឌីជីថល នៅកម្ពុជាផងដែរ។
---
(Montreal, Canada): On Friday, 6 September 2024, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, had a discussion meeting with the representative of Investissement Québec International at the IQI’s headquarters in Montreal, Quebec, Canada.
On this occasion, at the company’s request, His Excellency Secretary of State provided a detailed explanation of the investment climate in Cambodia, including policies, laws, and procedures that support investment projects by Quebec investors in the financial, green energy, and logistics sectors in Cambodia.
Investissement Québec International informed that the company plans to coordinate Quebec-outbound investment missions to explore investment opportunities in specific Asia Pacific countries, including Cambodia, in the coming months.
After this meeting, His Excellency Secretary of State proceeded to two more separate meetings with Mr. Michael Goodman, Founding Partner of Glen Ventures, and Mr. Francis Baillet, Vice President of Corporate Affairs of Ubisoft, to discuss possible areas of cooperation, particularly in digital medicine and digital startups.