(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ លើកទី២ ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការអន្តរក្រសួង និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មជាច្រើនរូប។
កិច្ចប្រជុំខាងលើរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងសម្រេចលើសេចក្តីព្រាងប្លង់ពន្លាជាតិកម្ពុជា ព្រមទាំងជ្រើសរើសក្រុមហ៊ុនសាងសង់ សម្រាប់ត្រៀមរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន៕