(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីជួបជុំអាហារសាមគ្គី នៃវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីក៏បានផ្តល់កិត្តិយសប្រគល់ពានរង្វាន់ជូនដល់ក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ និងក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា និងអ្នកបញ្ជាទិញអង្ករកម្ពុជាផងដែរ។