(ឧត្តរមានជ័យ)៖ នាថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តឧត្តរមានជ័យ បានបើកវគ្គបណ្ដុះបណ្ដាល និងផ្ដល់ពុទ្ធិដល់សិស្សានុសិស្សក្នុងវិទ្យាល័យអន្លង់វែង ដែលស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចំនួន ១៣១នាក់។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់នូវចំណេះដឹងបន្ថែមដល់សិស្សានុសិស្សលើការយល់ដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ ការបរិភោគអាហារឱ្យបានត្រឹមត្រូវ និងមានអនាម័យ ជាពិសេសកាត់បន្ថយពីក្ដីបារម្ភរបស់អាណាព្យាបាលសិស្សានុសិស្សផងដែរ។ ជាមួយគ្នានេះ មន្រ្តីជំនាញក៏បានបិទផ្ទាំងអប់រំជូនដល់សិស្សានុសិស្សទុកជាការរំលឹកដាស់តឿនបន្ថែមផងដែរ។