(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែកញ្ញ ឆ្នាំ២០២៤ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ និងនាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយគណៈកម្មការផ្សារកណ្តាល បានអញ្ជើញអាជីវករ ចំនួន ១៥នាក់ ដែលប្រកបអាជីវកម្ម ស្តុកទុក លក់ និងចែកចាយ ផលិតផលគីមី លក់សាប៊ូ លក់ជ្រក់ លក់ប្រហិត លក់ខ្ញីហាន់ លក់សណ្តែកបណ្តុះ លក់លត នំបាញ់ឌុក គ្រឿងសមុទ្រ សាច់អាំង ជាដើម។ល។ មកចូលរួមស្តាប់នូវបទបង្ហាញពីមន្ត្រីជំនាញ ក.ប.ប. អំពីខ្លឹមសារប្រកាសលេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន របស់ក្រសួងពាណិជ្ជកម្ម និងគោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារនៅតាមអាហារដ្ឋាន ចល័តឬស្តង់លក់អាហារ។
គោលបំណងនៃការធ្វើបទបង្ហាញជូនបងប្អូនអាជីវករទាំងនេះ គឺដើម្បីអប់រំណែនាំបញ្ជ្រាបការយល់ដឹង ធានាឱ្យបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។
ក្នុងឱកាសនោះ មន្ត្រីជំនាញបានអំពាវនាវឱ្យបងប្អូនទាំងអស់ ក្នុងករណីឃើញមានផលិតផលដែលអាចប៉ះពាល់ដល់សុខភាព អ្នកទទួលទានឬអ្នកប្រើប្រាស់ សូមសហការផ្តល់ព័ត៌មានឬដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធទូរសព្ទសាធារណៈ (Call Center/Hotline) លេខ 1266 របស់ក្រសួងពាណិជ្ជកម្ម (ឥតគិតថ្លៃ) ឬតាមរយៈ CCF Complain App ឬគេហទំព័រហ្វេសបុក ឬមកកាន់ទីស្នាក់ការអគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់។
សូមបញ្ជាក់ថា ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន សំដៅដល់សារធាតុគីមី ឬផលិតផលគីមីដែលមានលក្ខណៈជាផលិតផលសម្រេច ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយត្រូវបានប្រើប្រាស់ជាសារធាតុជំនួសសម្រាប់គោលបំណងផ្សេងៗនៃជីវភាពរស់នៅធម្មតា មានដូចជា ការប្រើប្រាស់នៅតាមផ្ទះ រោងជាង ប្រើប្រាស់ក្នុងសួន ឬកន្លែងផ្តល់សេវាសាធារណៈផ្សេងៗទៀត។