(រតនគិរី និងព្រះវិហារ)៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តរតនគិរី និងខេត្តព្រះវិហារ មន្រ្តីក្នុងខេត្តទាំងពីរខាងលើ បានរៀបចំវគ្គផ្សព្វផ្សាយស្ដីពី «សុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវករ សរុបចំនួន ១១២១នាក់ ដែលស្ថិតនៅសាលាបឋមសិក្សាប៊ូថង ទេសអន្លុង និងសាលាបឋមសិក្សាត្បែងមានជ័យ។
វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ព្រមទាំងផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានយល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានក្នុងនាមជាអ្នកប្រើប្រាស់ សំដៅលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តទាំងពីរ ខាងលើ បានចែកជូនផ្ទាំងរូបភាពស្ដីពីសុវត្ថិភាពម្ហូបអាហារចំនួន ៤១០ផ្ទាំង ដែលបង្ហាញពីរបៀបជ្រើសរើសម្ហូបអាហារ ប្រកបដោយគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុអាហារ ផងដែរ៕