(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៧ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ដ្រីស្ដីទីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយក្រុមប្រឹក្សាវិនិយោគថៃ ក្រុមប្រឹក្សាពាណិជ្ជកម្មថៃ និងសហគ្រិនថៃមកពី ២០ក្រុមហ៊ុន ដើម្បីផ្លាស់ប្តូរយោបល់អំពីបរិយាកាសធុរកិច្ច កាលានុវត្តភាពវិនិយោគនៅកម្ពុជា និងស្វែងរកឱកាសបង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-ថៃ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រីស្ដីទី បានជម្រាបជូនថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលបានចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាមួយនឹងគោលនយោបាយគាំពារអ្នកវិនិយោគ និងធុរកិច្ចតាមរយៈការផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម ការលើកទឹកចិត្តផ្នែកពន្ធដារ និងភាពអនុគ្រោះជាច្រើនទៀត ដែលធ្វើឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាកាន់តែល្អប្រសើរឡើង ព្រមទាំងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជាកាន់តែមានភាពងាយស្រួល និងទទួលបានអត្ថប្រយោជន៍ច្រើន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រីស្ដីទី ក៏បានជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្មបាននិងកំពុងបង្កើនការនាំចេញបន្ថែមទៀតនូវមុខទំនិញជាកសិផល កសិផលកែច្នៃ ជលផល ទំនិញឧស្សាហកម្មខ្នាតតូច និងមធ្យម ហើយក្រសួងសូមស្វាគមន៍ចំពោះធុរជន វិនិយោគិនថៃ ព្រមទាំងត្រៀមខ្លួនជានិច្ច សម្រាប់ជួយសម្របសម្រួលផ្សារភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនកម្ពុជា-ថៃ ដើម្បីពង្រីកកិច្ចសហការលើវិស័យនេះ៕