(បាត់ដំបង)៖ នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ទំនិញពុំមានអនុលោមភាពសរុបប្រមាណ ២៩១គីឡូក្រាម ត្រូវបានមន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបងរកឃើញ បន្ទាប់ពីបានធ្វើការចុះត្រួតពិនិត្យទំនិញ នៅផ្ទះលក់ទំនិញមួយកន្លែង ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ការចុះពិនិត្យទំនិញនេះ ធ្វើឡើងដោយមានកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងទទួលបានលទ្ធផល ដូចខាងក្រោម៖
- ភេសជ្ជៈរំលោភសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុនដើម សរុបចំនួន ១៣៧.៤លីត្រ
- ទំនិញចម្រុះខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មានដូចជា នំចាហ៊ួយ ស្ករគ្រាប់ ទឹកដោះគោ និងភេសជ្ជៈ ចំនួន ១៣មុខ សរុបទម្ងន់ ១៥៤.២៣គីឡូក្រាម។
បន្ទាប់ពី រកឃើញនូវទំនិញពុំមានអនុលោមភាពទាំងនេះ មន្ត្រីជុះនាញបានធ្វើការដកហូតទំនិញខូចគុណភាព និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការតាំងលក់ទំនិញពុំមានអនុលោមភាពតទៅទៀត៕