(អូសាកា ជប៉ុន)៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Takeshi INOUE អគ្គនាយកនៃនាយកដ្ឋានកិច្ចការអន្តរជាតិ នៃសហព័ន្ធសេដ្ឋកិច្ច Kansai (KANKEIREN) លើការងារជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា និងការត្រៀមរបស់កម្ពុជាក្នុងការត្រៀមរៀបចំនិងចូលរួមពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។
ក្នុងឱកាសនោះ លោក Takeshi INOUE បានសម្តែងការអបអរចំពោះការត្រៀមខ្លួនរួចរាល់របស់កម្ពុជា និងជាពិសេសក្នុងចំណោមប្រទេសដំបូងដែលបានសោរដើម្បីរៀបចំពន្លាជាតិសម្រាប់ពិព័រណ៍ពិភពលោក ២០២៥នេះ។ ជាមួយគ្នានវ លោកអគ្គនាយក បានសម្តែងនូវការពេញចិត្តចំពោះផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសស្វាយនិងស្វាយចន្ទី ព្រមទាងបានបង្ហាញនូវភាពរីករាយក្នុងការសហការលើការងារជំរុញនាំចេញផលិតផលសក្តានុពលរបស់កម្ពុជាមកកាន់ប្រទេសជប៉ុនផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរពីសំណាក់ភាគីជប៉ុន និងបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អប្រសើបន្ថែមទៀត ជាពិសេសការបង្កើតបណ្តាញដៃគូពាណិជ្ជកម្មក្នុងការនាំចេញនូវផលិតផលសក្តានុពលកម្ពុជាទៅក្នុងប្រទេសជប៉ុន។