លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក សម្រាប់ការអភិវឌ្ឍសេវាធុរកិច្ចសម្រាប់អង្គភាពកម្មសិទ្ធិបញ្ញា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(វៀងចន្ទន៍, ឡាវ)៖ នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានជួបពិភាក្សាការងារជាមួយ លោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីពិភាក្សាលើការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាកម្ពុជា ព្រមទាំងការលើកកម្ពស់ធុរកិច្ច និងសហគ្រិនភាព។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី និង លោកអគ្គនាយក បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក សម្រាប់ការអភិវឌ្ឍសេវាធុរកិច្ចសម្រាប់អង្គភាពកម្មសិទ្ធិបញ្ញា។

កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មានគោលបំណងលើកកម្ពស់ការផ្តល់សេវាចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច និងអ្នកប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ព្រមទាំងផ្សព្វផ្សាយព័ត៌មានកម្មសិទ្ធិបញ្ញាសម្រាប់គាំពារដល់បច្ចេកវិទ្យានវានុវត្តន៍ និងគំនិតច្នៃប្រឌិត ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកនឹងបន្តសហការគ្នា ដើម្បីអភិវឌ្ឍប្រព័ន្ធផ្តល់សេវាធុរកិច្ចកម្មសិទ្ធិបញ្ញា ជាពិសេសលើការងារគ្រប់គ្រងឯកសារតាមប្រព័ន្ធអេឡិចត្រូនិច ឌីជីថលូបនីយកម្ម ការស្វែងរក ការបញ្ចូល និងការកែលម្អគុណភាពនៃទិន្នន័យម៉ាក និងការប្រឹក្សាយោបល់លើយុទ្ធសាស្ត្រព័ត៌មានវិទ្យា ការគ្រប់គ្រងធនធាន ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យកម្មសិទ្ធិបញ្ញា ជាដើម៕

https://s2.moc.gov.kh/mocspace/mocspace_1726722746195.jpg
https://s2.moc.gov.kh/mocspace/mocspace_1726722747173.jpg
https://s2.moc.gov.kh/mocspace/mocspace_1726722746668.jpg
https://s2.moc.gov.kh/mocspace/mocspace_1726722746797.jpg
https://s2.moc.gov.kh/mocspace/mocspace_1726722746734.jpg
https://s2.moc.gov.kh/mocspace/mocspace_1726722746765.jpg
https://s2.moc.gov.kh/mocspace/mocspace_1726722746825.jpg