(វៀងចន្ទន៍, ឡាវ)៖ នាល្ងាច ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Helene Budliger Artieda រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វ៊ីស និងគណៈប្រតិភូនាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ចកម្មបន្ថែមទៀត ជាពិសេសលើវិស័យសុខាភិបាល និងសុខភាពសាធារណៈ កម្មសិទ្ធិបញ្ញា ការធ្វើឲ្យប្រសើឡើងនូវបរិយាកាសធុរកិច្ច និងការអភិវឌ្ឍធនធានមនុស្សដោយផ្តោយសំខាន់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ។
ភាគីទាំងពីរក៏បានពិភាក្សា និងវាយតម្លៃខ្ពស់ពីតួនាទីរបស់ប្រទេសស្វីសក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចអាស៊ានដោយផ្តោយសំខាន់លើការកាត់បន្ថយកម្លាតនៃការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ានផងដែរតាមរយៈការអនុវត្តគំនិតផ្តួចផ្តើមដែលមានស្រាប់ និងផែនការសកម្មភាពថ្មីៗទៀត។