(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Ryosuke Fujioka ប្រធានតំណាងលេខាធិការដ្ឋាន នៃគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (AMEICC) និងសហការី ចូលជួបពិភាក្សាការងារនាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ។
ក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សាលើតួនាទីរបស់ AMEICC ក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនដោយផ្តោតលើកិច្ចសហប្រតិបត្តិការចម្បងៗរួមមាន៖ ការសម្របសម្រួលកិច្ចសន្ទនាគោលនយោបាយ ការផ្តល់មូលនិធិ សម្រាប់ការស្រាវជ្រាវអនុវត្តគម្រោងពាក់ព័ន្ធនានា ការបណ្តុះបណ្តាល និងសកម្មភាពគាំទ្រផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ និងវាយតម្លៃខ្ពស់លើការគាំទ្ររបស់ប្រទេសជប៉ុនក្នុងការជំរុញធុរកិច្ច និងវិនិយោគជប៉ុនមកកម្ពុជាបន្ថែមទៀត តាមរយៈការលើកកម្ពស់ការចូលរួមរបស់កម្ពុជាទៅក្នុងច្រវ៉ាក់ផលិតកម្មតំបន់ និងសកល។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន ពាណិជ្ជកម្មឌីជីថល សន្តិសុខស្បៀង និងការលើកកម្ពស់ការចូលរួមរបស់សហគ្រាសធនតូច និងមធ្យម (SMEs) ក្នុងច្រវ៉ាក់ផ្គត់ផ្គង់ សំដៅធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព។