(សិនជិន, ចិន) ៖ នារសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី ‘’វេទិកាពាណិជ្ជកម្ម និងធុរកិច្ច ចិន-កម្ពុជា’’ ដែលបានរៀបចំឡើងដោយសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេងក្រុងឃុនមីង សហការជាមួយ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានិងសមាគមលទ្ធកម្មរដ្ឋាភិបាលក្រុងសិនជិន និងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗដូចជា ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទុន ថូណា អគ្គកុងស៊ុលកម្ពុជានៅក្រុងក្វាងចូវ លោក Feng Qiang ប្រធានសមាគមលទ្ធកម្មរដ្ឋាភិបាលក្រុងសិនជិន អ្នកឧកញ្ញា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងភ្ញៀវកិត្តិសជាច្រើនផ្សេងទៀត។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងប្រទេសទ្វេភាគី តាមរយៈការផ្សព្វផ្សាយនូវឱកាសវិនិយោគ ភាពមានសក្តានុពលនៃការធ្វើពាណិជ្ជកម្ម ឧស្សាហកម្មក្នុងប្រទេសទាំងពីរ ក៏ដូចជាការផ្គូផ្គងពាណិជ្ជកម្មរវាងសហគ្រិន អ្នកវិនិយោគរវាងប្រទេសទ្វេភាគីផងដែរ។