(ឃុនមីង, ចិន)៖ នារសៀលថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី "ខ្សែក្រវាត់ និងផ្លូវ" ក្នុងវេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរក្នុងតំបន់ Lancang-Mekong និងកិច្ចប្រជុំកំពូលផ្លាស់ប្តូរសហគ្រិនចិន-កម្ពុជា នៅសណ្ឋាគារ Xingyao ក្រុងឃុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំឡើងដោយសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេងឃុនមីង សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា រួមសហការជាមួយសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេងនៅលីឈាន និងសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេង នៅស៊ីនទាន។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីចំនុចពិសេសរបស់ប្រទេសទ្វេភាគី ក្នុងនោះក៏មានការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រកម្ពុជា ផងដែរ ដូចជា ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា បរិយាកាសអំណោយផលក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងវិស័យពន្ធដារក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើឱ្យធុរជន វិនិយោគិន មានការយល់ដឹងកាន់តែច្បាស់លាស់ ដើម្បីមកបណ្តាក់ទុន និងធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាបន្ថែមទៀត។