(ណាននីង សាធារណរដ្ឋប្រជាមានិតចិន)៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធពន្លាជាតិកម្ពុជានាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២១ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្មក្នុងនាមគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានរៀបចំសាងសង់ពន្លាជាតិ (Cambodia National Pavilion) ទំហំ ១៦០ម៉ែត្រការ៉េ ដោយជ្រើសរើសខេត្តសៀមរាប ជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បីបង្ហាញអំពី វប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។
ការរចនាពន្លាជាតិកម្ពុជា៖ ក្រុមការងារបានបំផុសគំនិត ដោយជ្រើសរើសយកប្រាសាទនាគព័ន្ធ។ ប្លង់បាតនៃពន្លាជាតិកម្ពុជារួមមាន៖ ១- ច្រកចូល (អមដោយបង្គោលសីមា ចំនួន៦ មានរចនាបទពីប្រាសាទចៅសាយទេវតា, ក្លោងទ្វាកណ្តាលគឺជាក្លោងទ្វាប្រាសាទព្រះខ័ណ្ឌ) ២- ការដាក់តាំងផលិតផល (មាន Kiosk Digital Signage ចំនួន២, Product Information Digital Signage ចំនួន៤, និងធ្នើដាក់តាំងផលិតផលកម្ពុជាចំនួន៨មុខ (គ្រាប់ល្ង, សណ្តែកក្រហម, សណ្តែកខ្មៅ, អំបិល, គ្រាប់ស្វាយចន្ទី, សណ្តែកខៀវ, ម្រេចកំពត, អង្ករផ្កាម្លិះ) អមដោយ Digital Screen សម្រាប់បញ្ចាំងព័ត៌មានផលិតផល និងវីដេអូនានាពាក់ព័ន្ធនឹងឧបករណ៍ភ្លេងខ្មែរ) ៣- នាគផុសនៅកណ្តាល (ខ្លួននាគធ្វើ Lightbox ដែលមានផ្ទាំងរចនាផ្សព្វផ្សាយពីផលិតផលសក្តាលនុពលរបស់កម្ពុជា ដែលរួមមាន (អង្ករ, ស្វាយចន្ធី, ម្រេចកំពត, និងស្ករត្នោតកំពង់ស្ពឺ), នៅកណ្តាល នាគ មានរូបសំណាកព្រះលោកេសូរជាព្រះពោធិសត្វនៅក្នុងពុទ្ធសាសនាមហាយាន ដែលជាអ្នកសង្រ្គោះសត្វលោក, បាតក្រោមមានជា PVC យក Pattern ជាថ្មប្រាសាទ) និង៤- Alibaba Stage៖ មានរៀបចំជា Banner ទំហំ 2.81m X 1.78m រំលេច សារអបអរសាទរផលិតផលកម្ពុជាចូលទីផ្សារពិភពលោកតាមរយៈថ្នាល Alibaba.com។ បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្មក៏បានរៀបចំឱ្យមាន មានការសម្តែងសិល្បៈ ដោយសិល្បៈករ-សិល្បៈការិនី មកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាប់ជាប្រចាំជូនភ្ញៀវទស្សនា ដោយប្រភេទសម្តែងមាន ១០ របាំ រួមមាន របាំជូនពរ, គោះត្រឡោក, រស្មីដួងច័ន្ទ, ក្រម៉ា, អប្សរា, វិធី (សហសម័យ), ក្ងោកសិល្ប៍, គែន, សែនដាំស្រូវ, និង ភ្លេចមិនបាន។