បន្ទាប់ពីការចរចាជាច្រើនឆ្នាំ, កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី ១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤។
បច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស ដែលរួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤នេះ។
តើក្នុងរយៈពេល២០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាទទួលបានផលចំណេញសេដ្ឋកិច្ច និងពាណិជ្ជកម្មអ្វីខ្លះ?
កម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល ដូចខាងក្រោម៖
១. ច្រកចូលទីផ្សារសកល៖ កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ តាមរយៈគោលការណ៍ប្រជាជាតិអនុគ្រោះបំផុត (Most Favored Nation (MFN) Principle) ដែលមានន័យថា សមាជិកអង្គការ WTO ដទៃទៀត ត្រូវតែផ្តល់ឱ្យកម្ពុជានូវផលប្រយោជន៍ពាណិជ្ជកម្មដូចគ្នា ដូចជាការកាត់បន្ថយពន្ធគយ ដែលពួកគេបានផ្តល់ទៅឱ្យប្រទេសសមាជិកផ្សេងទៀត។
ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើនរហូតដល់ ២៩,៦១ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។
ចំណែកការវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងពី ១១០លានដុល្លារអាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣។
ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៦,៨២ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២២,៦៤ ពាន់លានដុល្លារអាម៉េរិក។ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន៖ ប្រទេសចិន, សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ជប៉ុន, ថៃឡង់ដ៏, វៀតណាម និងកូរ៉េខាងត្បូង។ ទំនាក់ទំនងពាណិជ្ជកម្មទាំងនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី ព្រមទាំងតាមរយៈអាស៊ាន ដែលជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មតំបន់នៅក្នុងអាស៊ីអាគ្នេយ៍។
២. ការធ្វើអោយប្រសើរឡើងនូវគោលនយោបាយពាណិជ្ជកម្ម និងកំណែទម្រង់៖ កម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដោយស្របទៅតាមការប្តេជ្ញាចិត្តនៅក្រោមអង្គការ WTO។ ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ និងវិសោធនកម្មច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មជាច្រើនរួមមាន ច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងចុះបញ្ជីពាណិជ្ជកម្ម និងច្បាប់វិនិយោគថ្មី ជាដើម។
៣. ការធ្វើពិពិទកម្មការនាំចេញ៖ កម្ពុជាបានទាញយកឱកាសពីសមាជិកភាពអង្គការ WTO ដើម្បីធ្វើពិពិទកម្មទីផ្សារនាំចេញ ដែលពីមុន កម្ពុជាបានពឹងផ្អែកលើវិស័យមួយចំនួន ដូចជាសំលៀកបំពាក់ និងវាយនភណ្ឌ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានពង្រីកទៅក្នុងវិស័យដទៃទៀត ដូចជា គ្រឿងអេឡិចត្រូនិក, ស្រូវនិងអង្ករ, កៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, បន្ទះសូឡា និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។
៤. ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព៖ កម្ពុជាទទួលបានកម្មវិធីជំនួយបច្ចេកទេស និងការកសាងសមត្ថភាពពីអង្គការ WTO និងអង្គការអន្តរជាតិនានា ដើម្បីជួយពង្រឹងគោលនយោបាយពាណិជ្ជកម្ម និងស្ថាប័ន ដែលបានធ្វើអោយប្រសើរឡើងនូវលទ្ធភាពចូលរួមក្នុងការចរចាពាណិជ្ជកម្មអន្តរជាតិ និងការអនុវត្តកិច្ចព្រមព្រៀងអង្គការ WTO ឱ្យមានប្រសិទ្ធភាព។
៥. ការចូលរួមក្នុងគោលនយោបាយពាណិជ្ជកម្មសកល៖ សមាជិកភាពអង្គការ WTO បានអនុញ្ញាតឱ្យកម្ពុជា ចូលរួមនៅក្នុងការពិភាក្សាគោលនយោបាយពាណិជ្ជកម្មសកល និងការចរចានានា ដែលបានផ្តល់ឱ្យកម្ពុជានូវសំឡេងមួយ ក្នុងការរៀបចំវិធានពាណិជ្ជកម្មអន្តរជាតិ ដែលធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
៦. ប្រព្រឹត្តកម្មពិសេស និងដោយឡែក៖ ក្នុងនាមជាប្រទេសអភិឌ្ឍតិចតួចមួយ កម្ពុជាទទួលផលពីបទប្បញ្ញតិ្តទាក់ទងនឹងប្រព្រឹត្តិកម្មពិសេស និងដោយឡែក (Special and Differential Treatment-SDT) ដែលផ្តល់ភាពបត់បែនបន្ថែម ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន។ បន្ថែមលើនេះ កម្ពុជាទទួលបាន ច្រកចូលទីផ្សារដោយមិនជាប់ពន្ធគយនិងមិនជាប់កូតា (Duty-Free Quota-Free), កម្មវិធី EBA របស់សហភាពអឺរ៉ុប ដែលបានអនុញ្ញាតអោយកម្ពុជានាំចេញផលិតផលទាំងអស់ដោយរួចពន្ធ លើកលែងតែសព្វាវុធ និងគ្រឿងផ្ទុះ, ប្រព័ន្ធ GSP ពីសហរដ្ឋអាមេរិក ជាដើម។
៧. ការកាត់បន្ថយភាពក្រីក្រ៖ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២។
៨. ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច៖ កម្ពុជា ត្រូវបានគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់នេះតាំងពីឆ្នាំ១៩៩១។
ជាទូទៅ សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើអោយប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម, ការលើកស្ទួយវិនិយោគ និងគាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។
ក្នុងនាមជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាមានផែនការអ្វីបន្ត ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មបន្ថែម?
ជាសមាជិករបស់អង្គការ WTO កម្ពុជាបន្តអភិវឌ្ឍន៍ផែនការ និងគោលនយោបាយដើម្បីពង្រីកពាណិជ្ជកម្ម និងធ្វើសមាហរណកម្មបន្ថែមទៅក្នុងសេដ្ឋកិច្ចសកល ដូចខាងក្រោម៖
១. កិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
─ ការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគយ៖ កម្ពុជាកំពុងធ្វើការងារដើម្បីធ្វើអោយនីតិវិធីគយមានភាពងាយស្រួល ក្នុងគោលបំណងកាត់បន្ថយភាពយឺតយ៉ាវ និងថ្លៃចំណាយពាក់ព័ន្ធនឹងការនាំចេញ-នាំចូល។ ការអនុវត្តវិធានការកិច្ចសម្រួលពាណិជ្ជកម្ម ដោយស្របទៅនឹងកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការ WTO (WTO TFA) នឹងជួយធ្វើអោយពាណិជ្ជកម្មឆ្លងដែនកាន់តែមានប្រសិទ្ធភាព។
─ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ៖ រដ្ឋាភិបាលកំពុងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដូចជាបណ្តាញដឹកជញ្ជូន, កំពង់ផែ និងមជ្ឍមណ្ឌលឡូជីស្ទីក ដើម្បីធ្វើអោយល្អប្រសើរនូវការតភ្ជាប់ ដែលនឹងជួយសម្រួលដល់លំហូរពាណិជ្ជកម្ម និងការចំណាយដឹកជញ្ជូន ដែលមានតម្លៃទាប។
២. ការធ្វើពិពិទកម្មនាំចេញ
─ ការពង្រីកប្រភេទផលិតផល៖ កម្ពុជាមានបំណងធ្វើពិពិទកម្មមូលដា្ឋននាំចេញ ដែលលើសពីវាយនភណ្ឌ និងសំលៀកបំពាក់។ វិស័យគន្លឹះសម្រាប់ពង្រីកការនាំចេញ រួមមាន កសិកម្ម (អង្ករ, កៅស៊ូ, និងដំឡូងមី), គ្រឿងអេឡិចត្រូនិក, គ្រឿងបន្លាស់យានយន្ត និងស្បែកជើង។
─ ទំនិញបន្ថែមតម្លៃ៖ កម្ពុជាស្វែងរកការផ្លាស់ប្តូរពីប្រទេសនាំចេញវត្ថុធាតុដើម ទៅជាការផលិត និងនាំចេញទំនិញបន្ថែមតម្លៃខ្ពស់ ជាពិសេស វិស័យកសិកម្ម និងផលិតកម្ម ដូចជា ផលិតផលកសិកម្មកែច្នៃ និងអេឡិចត្រូនិក។
៣. ការទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេស
─ ធ្វើអោយបរិយាកាសវិនិយោគល្អប្រសើរ៖ កម្ពុជាកំពុងបន្តធ្វើការកំណែទម្រង់ ដែលធ្វើអោយងាយស្រួលដល់ធុរកិច្ចបរទេស ដើម្បីប្រតិបត្តិការក្នុងកម្ពុជា ដែលរួមមានការលើកទឹកចិត្តពន្ធ, កាត់បន្ថយការងាររដ្ឋបាលស្មុគស្មាញ និងការពារវិនិយោគគិន
─ តំបន់សេដ្ឋកិច្ចពិសេស៖ កម្ពុជាបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ដើម្បីទាក់ទាញវិនិយោគទុនបរទេស ក្នុងការផលិតការនាំចេញ។ តំបន់ទាំងនេះ ផ្តល់ការលើកទឹកចិត្តពន្ធ និងនីតិវិធីបទប្បញ្ញត្តិងាយស្រួល សម្រាប់ក្រុមហ៊ុនរកបង្កើតទីកន្លែងផលិតកម្មសម្រាប់ការនាំចេញ។
៤. ការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ជំនាញ
─ ពង្រឹងជំនាញកម្លាំងការងារ៖ ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យា និងជំនាញដែលមានតម្លៃខ្ពស់ ដែលសំខាន់ក្នុងការបង្កើនខ្សែច្រវ៉ាក់តម្លៃសកល និងប្រកួតប្រជែងក្នុងឧស្សាហកម្មទំនើបៗ
─ ការកសាងសមត្ថភាពពាណិជ្ជកម្ម៖ ស្វែងរកជំនួយបច្ចេកទេស និងការកសាងសមត្ថភាពពីអង្គការអន្តរជាតិនានា ដើម្បីធ្វើអោយប្រសើរឡើងនូវអភិបាលកិច្ចពាណិជ្ជកម្ម, ការប្រកួតប្រជែង និងពង្រឹងការចូលរួមក្នុងការចរចាពាណិជ្ជកម្មអន្តរជាតិ។
៥. កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពាណិជ្ជកម្មតំបន់៖ បន្តរចរចាតាមរយៈយន្តការទ្វេភាគី និងពហុភាគី ដើម្បីបើកទីផ្សារមានសក្តានុពលថ្មីៗ និងធ្វើការចរចាកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនឹងពាណិជ្ជកម្មអេឡិចត្រូនិក។
៦. ការទាញយកប្រយោជន៍ពីពាណិជ្ជកម្មឌីហ្សីតាល់៖
ជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងធុរកិច្ចឌីជីថល តាមរយៈការរៀបចំថ្នាលទីផ្សារតាមអនឡាញ និងការរៀបចំគោលនយោបាយពាណិជ្ជកម្មឌីជីថល។
៧. ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម៖ កម្ពុជាត្រូវពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗ ដូចជា សហរដ្ឋអាមេរិក អឺរ៉ុប និងចិន ដោយចូលរួមសកម្មភាពការទូតពាណិជ្ជកម្ម និងធានាការអនុលោមជាមួយស្តង់ដាពាណិជ្ជកម្មអន្តរជាតិ ដើម្បីជំរុញការនាំចេញ និងទទួលបានច្រកចូលទីផ្សារអនុគ្រោះ។ ជាងនេះទៅទៀត កម្ពុជាត្រូវសហការជាមួយដៃគូអភិវឌ្ឍន៍នានា អនុវត្តគម្រោងសិក្សាស្រាវជ្រាវលម្អិតពីផលប៉ះពាល់លើពាណិជ្ជកម្ម និងយុទ្ធសាស្ដ្ររបស់កម្ពុជា សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចដោយរលូនព្រមទាំងរៀបចំផែនទីបង្ហាញផ្លូវនិងផែនការសកម្មភាពដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនោះ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។
៨. ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ៖ ពង្រឹងការពង្រីកកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរវាងក្រសួងនានា ស្ថាប័នសាធារណៈ និងអង្គការអភិវឌ្ឍទាំងអស់ ដើម្បីបង្កើនភាពប្រកួតប្រជែង សមត្ថភាពឧស្សាហកម្មនិងពាណិជ្ជកម្ម ដោយស្របទៅនឹងនិន្នាការតំបន់ និងសកល ជាពិសេស ការផ្សារភ្ជាប់ផលិតកម្មក្នុងស្រុក ជាមួយនឹងទីផ្សារផលិតផលអន្តរជាតិ។
៩. ការបង្កើតក្របខណ្ឌគោលនយោបាយ៖ បង្កើតក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់ការចាកចេញដោយរលូនពីប្រទេសអភិវឌ្ឍតិចតួច និងបង្កើតក្របខណ្ឌគោលនយោបាយតម្រង់ទិស សម្រាប់សមាហរណកម្មសេដ្ឋកិច្ចយុទ្ធសាស្ត្ររយៈពេលវែង នៅក្នុងពេលបន្តចរចាសម្រាប់ការអនុគ្រោះពាណិជ្ជកម្មដទៃទៀតនៅក្នុងអំឡុងរយៈពេលអន្តរកាល ដើម្បីធានាបាននូវស្ថេរភាពទីផ្សារនាំចេញ និងច្រកចូលទីផ្សារថ្មីៗ សម្រាប់ផលិតផលកម្ពុជា។