(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ក្រុមការងារជំរុញការនាំចេញ ដើម្បីពិនិត្យ ពិភាក្សា តាមដានវឌ្ឍនភាពនៃការអនុវត្តការងារ និងផែនការសកម្មភាពបន្ត។
កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើវឌ្ឍនភាពនៃការអនុវត្តការងារដែលសម្រេចបាននាខែកញ្ញារួមមាន ការជួបជាមួយវិស័យឯកជន ការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ជំរុញការនាំចេញកសិផល ជាពិសេសផលិតផលស្វាយចន្ទីទៅកាន់ទីផ្សារអាទិភាព និងលទ្ធផលនៃដំណើបេសកកម្មការងារទៅកាន់បណ្ដាប្រទេសជាទីផ្សារគោលដៅដូចជា ប្រទេសជប៉ុន និងបណ្ដាប្រទេសសក្ដានុពលនៅសហភាពអ៊ឺរ៉ុប ចក្រភពអង់គ្លេស និងចិន ដោយបានជួបជាមួយក្រុមហ៊ុនជាច្រើនដើម្បីស្វែងរកឱកាសភាពជាដៃគូក្នុងការសហការ និងទទួលបានការគាំទ្រក្នុងការទទួលទិញផលិតផលកម្ពុជា និងជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា តាមរយៈការបង្កើតបណ្តាញទំនាក់ទំនង និងឱកាសផ្គូរផ្គងធុរកិច្ចរវាងវិស័យឯកជនកម្ពុជា និងវិស័យឯកជនតាមបណ្តាប្រទេសគោលដៅ។