(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារ ព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី “ការត្រួតពិនិត្យ និងតាមដាននៃដំណើរការប្រព័ន្ធទទួលទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម លេខ១២៦៦” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ លោកអគ្គាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា ផ្ដល់ធាតុចូល និងសំណូមពរនានា ដើម្បីឆ្លើយតបដោយបុរេសកម្មទៅនឹងចម្ងល់ និងកង្វល់ពីសាធារណជន ដោយសម្រេចបាននូវសកម្មភាព ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការផ្តល់ព័ត៌មាន និងការដោះស្រាយចម្ងល់មតិកង្វល់ពីសាធារណជន។
ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញអំពីរបាយការណ៍លទ្ធផលការងារប្រព័ន្ធទទួលទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម គិតត្រឹម ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដោយលេខាធិការដ្ឋាននៃក្រុមការងារ និងមតិចូលរួមតំណាងក្រុមការងារបច្ចេកទេសនៃក្រុមលេខាធិការដ្ឋាន ព្រមទាំងកិច្ចពិភាក្សា និងមតិយោបល់របស់សមាជិក-សមាជិកា អង្គប្រជុំ ផងដែរ។