លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាពការងារជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាពការងារជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារ និង ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ បានរាយការណ៍ជូនអង្គប្រជុំអំពីការងារដែលសម្រេចបាន ក្នុងការជំរុញនាំចេញទៅកាន់ទីផ្សារគោលដៅសំខាន់ៗ ក្នុងជំហានដំបូង រួមមាន៖ ទីផ្សារសហភាពអឺរ៉ុប ចក្រភពអង់គ្លេស អាម៉េរិក ចិន កូរ៉េ និងជប៉ុន។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានកោតសរសើដល់ក្រុមការងារ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួន ក្នុងកសាងនូវឯកសារជាជំនួយដល់ការនាំចេញសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយនឹងបញ្ជីអ្នកផលិត និងអ្នកនាំចេញជាដើម ជាពិសេសជាទម្រង់អេឡិចត្រូនិក ដែលផ្ដល់ភាពងាយស្រួលក្នុងការស្វែងរក និងធ្វើបច្ចុប្បន្នភាពជាប្រចាំ។

បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមការងារ បន្តកិច្ចសហការជាមួយវិស័យឯកជនកម្ពុជា ជាពិសេសត្រូវគិតគូរលើការវេចខ្ចប់ដែលមានភាពទាក់ទាញ ការបង្ហាញផលិតផល និងការបំពេញលក្ខខណ្ឌតម្រូវ និងស្តង់ដាររបស់ប្រទេសនាំចូល និងអ្នកបញ្ជាទិញ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងគោលបំណងជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាឱ្យបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ។

https://s2.moc.gov.kh/mocspace/mocspace_1729150663704.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150664070.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150664130.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150664120.jpg