(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម រួមជាមួយក្រុមការងារនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំគណៈកម្មការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ឆ្នាំ២០១៧-២០២៥ និងផ្ដល់ធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២៣-២០២៤។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមផងដែរ។
ខ្លឹមសារសំខាន់ក្នុងកិច្ចប្រជុំពិភាក្សានេះគឺ៖
១-ការកំណត់សូចនាករគោល និងសូចនាករបន្ថែមនៃការអនុវត្តគោលនយោបាយរបស់ក្រសួង-ស្ថាប័ននីមួយៗ
២-ការបំពេញលទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយ
៣-ទិន្នន័យនៃការអប់រំបណ្តុះបណ្តាល។