(កោះទ្រង់ ខេត្តក្រចេះ)៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីយភាព ក្នុងមហាសន្និបាតសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ ដោយមានការចូលរួមពី ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សួស សេរីសួស្តី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ លោក ស៊យ សេង តំណាងអង្គការ FAO និងសហការីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរទេសចរណ៍ខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋាន លោក លោកស្រី ដែលជាសមាជិកសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះទាំងអស់ ។
គោលបំណងនៃមហាសន្និបាតនេះគឺ៖ ១. ពិនិត្យ និងអនុម័តលើលក្ខន្តិកៈសមាគម ២. បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ១៣រូប សម្រាប់អាណត្តិ២០២៤-២០២៧ និង ៣. ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរបស់សមាគម ដូចជា៖ បច្ចេកទេសដាំដុះ ថែទាំ សំបកវេចខ្ចប់ និងការស្វែងរកទីផ្សារជូនកសិករខ្នាតតូច និងមធ្យម ។
ក្នុងឱកាសនោះ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានធ្វើបទអន្តរាគមន៍ពាក់ព័ន្ធទៅនឹងប្រវត្តិកំណើតនៃការដំណើរការចុះបញ្ជីក្រូចថ្លុងកោះទ្រង់ ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការបន្តគាំទ្រដល់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ ។
ទន្ទឹមនឹងភាពជោគជ័យនេះផងដែរ ក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានបន្តផ្តល់ជំនួយបច្ចេកទេសដើម្បីគាំទ្រដល់សមាគមនេះ ក្នុងការបង្ហាត់បង្រៀនសមាជិកសមាគម ដូចជា៖ ១. ការគ្រប់គ្រងសមាគម (ហិរញ្ញវត្ថុ និងឯកសាររដ្ឋបាល) ២. តួនាទី និងភារកិច្ចរបស់សមាគម ៣. ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ៤. ការរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំ និងទិសដៅសម្រាប់អនុវត្តបន្ត ៥. ភាពជាអ្នកដឹកនាំសមាគម ដូចជា៖ ការដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការប្រតិបត្តិ ក្រុមប្រឹក្សាភិបាល និងមហាសន្និបាត របស់សមាគម ៦. ការទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត “ក្រូចថ្លុងកោះទ្រង់” និង ៧. លើកទឹកចិត្តឱ្យសមាជិកសមាគមទាំងអស់ប្រើប្រាស់រូបសញ្ញា “ក្រូចថ្លុងកោះទ្រង់” និងរូបសញ្ញាជាតិម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅលើផលិតផលក្រូចថ្លុងកោះទ្រង់។
គួរកត់សម្គាល់ថា នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ និងរដ្ឋបាលខេត្តក្រចេះ បានបញ្ចប់ការផ្សព្វផ្សាយសេចក្តីព្រាងលក្ខន្តិកៈ និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ ប្រតិបត្តិនៃសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះសម្រាប់អាណត្តិឆ្នាំ ២០២៤-២០២៧។ ក្នុងនោះក្រុមការងារបានទទួលពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនគណៈកម្មាធិការប្រតិបត្តិចំនួន ១៧រូប សម្រាប់ការចូលរួមការឈរបោះឆ្នោត នាថ្ងៃនេះ ។
ជាលទ្ធផល មហាសន្និបាតរបស់សមាគមអ្នកដាំក្រូច ថ្លុងកោះទ្រង់ក្រចេះ បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការ ប្រតិបត្តិ ចំនួន ១៣រូប នៃសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះសម្រាប់អាណត្តិឆ្នាំ ២០២៤-២០២៧។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំដល់គណៈកម្មាធិការប្រតិបត្តិទាំង ១៣រូប រួបរួមគ្នាធ្វើការដើម្បីបម្រើផលប្រយោជន៍រួម បិទរូបសញ្ញាជាតិ និងរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញលើផលិតផល “ក្រូចថ្លុងកោះទ្រង់” ដើម្បីបញ្ជាក់អំពីគុណភាព និងរសជាតិនៃក្រូចថ្លុងកោះទ្រង់ ពិសេសត្រូវរៀបចំរបបប្រជុំឱ្យបានទៀងទាត់ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ។