(ភ្នំពេញ)៖ នាថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំសហការីចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និង ឯកឧត្តម អនុធីន ចានវីរ:គុល (Anutin Charnvirakul) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ និងអភិបាលខេត្តនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ផងដែរ។
ក្នុងឱកាសនោះ កិច្ចប្រជុំបានឯកភាពលេីកិច្ចការអាទិភាពអន្តរវិស័យជាច្រេីនសម្រាប់កិច្ចសហប្រតិបត្តិការតាមបណ្តាខេត្តជាប់ព្រំដែន ដែលក្នុងនោះ កិច្ចការពាក់ព័ន្ធវិស័យពាណិជ្ជកម្ម រួមមាន៖ ការជំរុញការគាំទ្រការវិនិយោគនិងដោះដូរទំនិញតាមខេត្តជាប់ព្រំដែន, ការទប់ស្កាត់និងបង្រ្កាបការរត់ពន្ធទំនិញឆ្លងព្រំដែន, ការចរាចរទំនិញខូចគុណភាពតាមខេត្តជាប់ព្រំដែន, ការជំរុញកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរ, ការពង្រីកការរៀបចំព្រឹតិ្តការណ៍ផ្គូរផ្គងពាណិជ្ជកម្ម និងពិពរណ៍តាមខេត្តជាប់ព្រំដែនប្រទេសទាំងពីរ, ការឯកភាពក្នុងការគាំទ្រឱ្យមានការបន្តកិច្ចប្រជុំគណ:កម្មាធិការចម្រុះស្តីពីពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ឱ្យបានឆាប់ តាមអាណត្តិផ្តល់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកន្លងទៅ, និងការជំរុញការតភ្ជាប់ និងការបំពេញឱ្យគ្នា នៃតំបន់សេដ្ឋកិច្ចពិសេសនៅតាមខេត្តជាប់ព្រំដែននៅប្រទេសទាំងពីរ ផងដែរ។