(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និង ជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្មទាំងអស់ បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ដែលជាការបាត់បង់ស្វាមី ឪពុក និងជីតាប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ប្រកបដោយព្រហ្មវិហារធម៌ចំពោះភរិយា បុត្រាបុត្រី ចៅប្រុសចៅស្រី ជាពិសេសគឺជាការបាត់បង់ឥស្សរជនកម្ពុជាដ៏ឆ្នើម និងជាថ្នាក់ដឹកនាំគំរូមួយរូបដែលបានលះបង់កម្លាំងកាយចិត្តបំពេញការងារយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលកន្លងមក។
លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានសោយសុខទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។