(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា ស្ដីពីការបញ្ចុះតម្លៃពិសេសលើសេវាកម្មសុខភាពជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អ្នកឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យអន្តរជាតិ អរៀនដា និងវេជ្ជបណ្ឌិត គ្រូពេទ្យ គិលាននុប្បដ្ឋាក និងភ្ញៀវកិត្តិយសជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាល និងវាយតម្លៃខ្ពស់ដល់មន្ទីរពេទ្យអន្តរជាតិ អរៀនដា ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សូមទៅពិនិត្យសុខភាពឱ្យបានជាប្រចាំ បើទោះជាមានភាពមមាញឹកយ៉ាងណាក៏ដោយ។
សូមជម្រាបជូនផងដែរថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា នេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម និងសមាជិកក្រុមគ្រួសារនឹងទទួលបានការបញ្ចុះតម្លៃពិសេសលើកញ្ចប់ពិនិត្យសុខភាពទូទៅ និងការបញ្ចុះតម្លៃលើកញ្ចប់សេវាកម្មផ្សេងៗ ដោយការបញ្ចុះតម្លៃនេះអាចប្រើប្រាស់បានចំពោះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា និងមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា។