(ភូកេត, ថៃ)៖ នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួម «កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៥» (5th ASEAN Head of Competition Meeting – 5th AHCA) ដែលប្រព្រឹត្តឡើងនៅកោះភូកេត ព្រះរាជាណាចក្រថៃ។
កិច្ចប្រជុំនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីឱ្យប្រធានស្ថាប័នប្រកួតប្រជែង ជួបជុំ ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម ដែលកំពុងកើតឡើង និងដំណោះស្រាយនានានៅក្នុងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង។ របៀបវារៈសំខាន់ៗសម្រាប់កិច្ចប្រជុំនាឆ្នាំនេះ រួមមាន៖ (១). វឌ្ឍនភាពនៃនីតិវិធីផ្ទៃក្នុងរបស់បណ្ដារដ្ឋសមាជិកអាស៊ានក្រោយបញ្ចប់ការចរចាកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីការប្រកួតប្រជែង (ASEAN Framework Agreement on Competition – AFAC) (២). វឌ្ឍនភាពនៃសកម្មភាពដែលជាអាទិភាព (Key Deliverables) ក្រោមផែនការសកម្មភាពប្រកួតប្រជែងឆ្នាំ២០២៥ និង (៣). ការពិនិត្យឡើងវិញនូវផែនការសកម្មភាពប្រកួតប្រជែងអាស៊ាន (ACAP) 2025 និងការអភិវឌ្ឍន៍ផែនការសកម្មភាពប្រកួតប្រជែងក្រោយឆ្នាំ២០៣០៕