នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម លើទំនិញម្ហូបអាហារ រួមមាន គ្រឿងសមុទ្រ បន្លែ ត្រីសាច់ ណែម សរសៃគុយទាវ ។ល។ ដែលដាក់លក់នៅតាមផ្ទះលក់ទំនិញជុំវិញនៅផ្សារ និងផ្សារនានា ដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់។
ជាលទ្ធផល មន្ត្រីយើងបានធ្វើតេស្តបឋមលើសំណាកគំរូទំនិញសរុបចំនួន ១៧គំរូ ដែលក្នុងនោះ មន្ត្រីជំនាញពុំបានរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់នោះទេ។ យ៉ាងណាមិញ មន្ត្រីបានរកឃើញ និងដកហូត គុយទាវអនាម័យ បាញ់ស៊ុងកញ្ចប់ និងនំកញ្ចប់ ពុំមានគុណភាពចំនួន ១១គីឡូក្រាម និង ស្ករគ្រាប់កូនក្មេងចំរុះ ចំនួន ១៦.៣០គីទ្បូក្រាម ដែលគ្មានផ្លាកសញ្ញាត្រឹមត្រូវលើសំបកវេចខ្ចប់ ដោយយកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីដុតកម្ទេចចោលតាមនីតិវិធី ព្រមទាំងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់ទំនិញគ្មានគុណភាពតទៀត ផងដែរ៕