(រតនគិរី)៖ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តរតនគិរី បានរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ដូរម្ហូបអាហារក្នុងសាលារៀន សរុបប្រមាណ ៣០០នាក់ ដែលស្ថិតនៅសាលាបឋមសិក្សា សម្ដេចក្រុមព្រះនរោត្តមរណឬទ្ធិ ខេត្តរតនគិរី។
វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានយល់ច្បាស់អំពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព និងសិទ្ធិទទួលបានក្នុងនាមជាអ្នកប្រើប្រាស់សំដៅលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ព្រមទាំងកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គមជាតិ។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញបានអប់រំដល់អាជីវករលក់ដូរម្ហូបអាហារក្នុងសាលារៀន ស្ដីពីរបៀបរក្សាទុក និងដាក់តាំងលក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ និងសមស្របតាមបទដ្ឋានបច្ចេកទេស។
បន្ថែមពីនេះ មន្ត្រីជំនាញបានចែកជូនផ្ទាំងរូបភាពស្ដីពីសុវត្ថិភាពម្ហូបអាហារចំនួន ៣០០ផ្ទាំង ជូនដល់អ្នកចូលរួម ដែលបង្ហាញពីរបៀបជ្រើសរើសម្ហូបអាហារ ប្រកបដោយគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុអាហារ៕