(ហ្សាការតា, ឥណ្ឌូនេស៊ី)៖ ចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី បានចូលរួមជាមួយមន្រ្តីស្ថានទូត រៀបចំស្តង់ពិព័រណ៍ស្ថានទូតកម្ពុជា ចូលរួមក្នុងកម្មវិធីពិព័រណ៍សប្បុរសធម៌ប្រចាំឆ្នាំលើកទី៥៥ របស់ Women International Club ដែលជាកម្មវិធីពិពរ័ណ៍ ដើម្បីដាក់តាំងបង្ហាញផលិតផលជាច្រើន រួមមាន៖ គ្រឿងអលង្ការ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងផលិតផលផ្សេងៗ ទៀត។
ក្នុងឱកាសនោះ ស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជា មានដាក់តាំងបង្ហាញនូវផលិតផលមានសក្តានុពលកម្ពុជាមួយចំនួន រួមមាន៖ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ កាហ្វេមណ្ឌគីរី ដំណាប់ស្វាយ ដំណាប់មានប៉ៃលិន ទឹកឃ្មុំ ស្រាធ្វើពីអង្ករ ក្រម៉ាខ្មែរ សំពត់សូត្រ និងវត្ថុអនុស្សាវរីយ៍ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ នៅក្នុងទីផ្សារ ប្រទេសឥណ្ឌូនេស៊ី បង្ហាញជូនភ្ញៀវជនជាតិឥណ្ឌូនេស៊ី និងបរទេស។