(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវា អេឡិចត្រូនិកសម្រាប់ធុរកិច្ច ដឹកនាំលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍លើការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។
ការធ្វើបទបង្ហាញនេះក្នុងគោលបំណងបង្ហាញអំពីដំណើការរបស់ប្រព័ន្ធ Single Portal និងចែករំលែកនូវបទពិសោធន៍ផ្ទាល់លើការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) បន្ទាប់ពីបានដាក់ដំណើការជាផ្លូវការអស់រយៈពេលជាង ៤ឆ្នាំ ដោយក្នុងនោះក្រសួងពាណិជ្ជកម្មបានចូលរួមផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធចាប់តាំងពីការចាប់ផ្ដើមដំបូងក្នុងការបើកការដ្ឋានរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។