(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម អាឡិចហ្សេនឌ័រ អូហ្គ័ររ៉ូដនីកូវ (Alexander Ogorodnikov) អនុរដ្ឋមន្រ្តីទី១ នៃក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុស បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស តាមប្រព័ន្ធវីដេអូ ដោយមានវត្តមានចូលរួមរបស់សមាសភាពថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ៥០រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២០។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីតាមដានវឌ្ឍនភាពកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងពិភាក្សាផ្លាស់ប្តូរយោបល់ទៅលើកាលានុវត្តភាពកិច្ចសហប្រតិបត្តិការតាមវិស័យសំដៅបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-បេឡារុសឱ្យកាន់តែល្អប្រសើរ។
ជាលទ្ធផល ភាគីទាំងពីរបានពិភាក្សាលម្អិតលើចំនុចមួយចំនួន រួមមាន៖ (១) ពាណិជ្ជកម្ម និងវិនិយោគ (២) ការផ្គត់ផ្គង់យានយន្ត (៣) គ្រឿងបរិក្ខារវេជ្ជសាស្ត្រនិងឱសថសាស្ត្រ (៤) ការផ្គត់ផ្គង់កៅស៊ូធម្មជាតិ (៥) ការផ្គត់ផ្គង់ផលិតផលកសិកម្ម និងចំណីអាហារ (៦) វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (៧) អប់រំ និងវប្បធម៌ (៨) អាកាសចរស៊ីវិល (៩) ហិរញ្ញវត្ថុនិងធនាគារ និង(១០) ក្របខណ្ឌគតិយុត្ត៕