(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ (CambodiaTrade.com) នៃក្រសួងពាណិជ្ជកម្ម។
ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ភីអិលស៊ី តំណាងវិស័យឯកជន សមាគម និងសហគ្រាសធុនតូច និងមធ្យម ជាច្រើនរូប។
ការចុះអនុស្សរណៈយោគយល់គ្នា ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី នាពេលនេះ គឺបានបង្ហាញពីដំណើរឆ្ពោះទៅមុខនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឱ្យបង្កើនឱកាសសេដ្ឋកិច្ចតាមរយៈការលក់ផលិតផលដែលផលិតនៅកម្ពុជាទៅឱ្យអ្នកប្រើប្រាស់ក្នុងស្រុក និងក្រៅស្រុក ឬក៏ដៃគូអាជីវកម្មផ្សេងៗ ជាពិសេសអាជីវករផ្សារខេមបូឌាត្រេដ ក្នុងការទទួលការទូទាត់យ៉ាងងាយស្រួល ឆាប់រហ័ស និងប្រកបដោយសុវត្ថិភាពតាមរយៈ ប្រព័ន្ធឌីជីថលដោយមិនប្រើប្រាស់សាច់ប្រាក់។
លើសពីនេះ អនុស្សរណៈនេះ ក៏គូសបញ្ជាក់ផងដែរអំពីកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាល និងចែករំលែកចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះឈ្មោះជាមួយផ្សារខេមបូឌាត្រេដផងដែរ។
សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្មបានឱ្យដាក់ដំណើរការផ្សារអេឡិចត្រូនិក ខេមបូឌាត្រេដ ជាផ្លូវការ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដាក់លក់ផលិតផលដោយឥតគិតថ្លៃ ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សហគ្រាសធុនតូច និងមធ្យមចំនួន ១៧០ បានដាក់លក់ផលិតផលនៅលើផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ ដែលមានផលិតផលសរុបចំនួន ១៧០០ ផងដែរ៕
---
(Phnom Penh) - On the morning of Tuesday, 26 November 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, presided over the signing ceremony of a Memorandum of Understanding between the Ministry of Commerce and ACLEDA Bank Plc on the integration of ACLEDA Bank Plc’s electronic payment services for the settlement of payment transactions on the CambodiaTrade marketplace (Cambodiatrade.com) of the Ministry of Commerce.
This event was participated by representatives of the Ministry, ACLEDA Bank PLC, the private sector, associations, and small and medium enterprises.
The signing of this Memorandum of Understanding with ACLEDA Bank Plc will mark a special event in the advancement of public-private partnerships to help small and medium enterprises in Cambodia increase economic opportunities by selling made-in-Cambodia products to domestic and foreign customers or other business partners. It will especially contribute to facilitating small and medium enterprises that are CambodiaTrade vendors in receiving payments more conveniently, quickly, and securely through digital payments without using cash.
The memorandum also outlines cooperation in training and sharing digital financial knowledge for SMEs registered with the CambodiaTrade.
Please be informed that the Ministry of Commerce has officially launched the CambodiaTrade e-marketplace for SMEs to list their products free of charge since 31 March 2022, which allows them to reach a broader market in Cambodia and overseas, granting access to the growing global digital economy. As of November 2024, 170 SMEs have been approved to list their products on CambodiaTrade, with a total of 1,700 products.