លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមទទួលស្វាគមន៍គណៈប្រតិភូនៃវិទ្យាស្ថាន Cheung Kong Graduate School of Business (CKGSB) និងបណ្តាសហគ្រាសនៃវិស័យពាក់ព័ន្ធនានា នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមទទួលស្វាគមន៍គណៈប្រតិភូនៃវិទ្យាស្ថាន Cheung Kong Graduate School of Business (CKGSB) និងបណ្តាសហគ្រាសនៃវិស័យពាក់ព័ន្ធនានា នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅដល់គណៈប្រតិភូដែលបានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ព្រមទាំងបានបង្ហាញពីការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ និងលើកទឹកចិត្តក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទ្វេភាគី តាមរយៈការលើកកម្ពស់ និងផ្សព្វផ្សាយពិព័រណ៌ផលិតផលក្នុងស្រុក និងកិច្ចសហប្រតិបត្តិការជម្រុញការនាំចេញផលិតផលផ្សេងៗជាដើម។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្សព្វផ្សាយបន្ថែមអំពី មជ្ឈមណ្ឌលសេវានាំចេញ របស់ក្រសួងពាណិជ្ជកម្ម ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ដល់ការនាំចេញ និងពង្រីកនូវសក្តានុពលផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជូនដល់គណៈប្រតិភូ និងភ្ញៀវកិត្តិយសទាំងអស់ ផងដែរ។

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការក៏បានស្នើឱ្យពាណិជ្ជករ និងវិនិយោគិនទាំងអស់ចូលរួមជម្រុញបង្កើនឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជាឱ្យបានច្រើន និងទទួលស្វាគមន៍រាល់ទំនាក់ទំនងពាណិជ្ជកម្ម លើគ្រប់វិស័យទាំងអស់ សំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕

https://s2.moc.gov.kh/mocspace/mocspace_1732853644737.jpg
https://s2.moc.gov.kh/mocspace/mocspace_1732853644993.jpg
https://s2.moc.gov.kh/mocspace/mocspace_1732853668715.jpg