(ភ្នំពេញ)៖ នាល្ងាចថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅណាហ្គាវើលដ៏ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធី “ពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំរបស់សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា” ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ថា្នក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជាព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូប។
ថ្លែងក្នុងអង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសមាគមនិងអ្នកពាក់ព័ន្ធទាំងអស់ ដែលជានិច្ចកាលចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចពិគ្រោះយោបល់នៅពេលចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សិក្ខាសាលា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស និងវេទិកាធុរកិច្ចនានា ក្នុងការអភិវឌ្ឍ និងជំរុញការនាំចេញ ផលិតផលធ្វើដំណើរ និងវត្ថុធ្វើពីស្បែកនៅកម្ពុជា «ផលិតនៅកម្ពុជា - Made in Cambodia» ទៅកាន់ទីផ្សារតំបន់ និងពិភពលោក។
លោកជំទាវរដ្ឋមន្ត្រី បន្តថា វិស័យផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍវិស័យនេះទៅជាឧស្សាហកម្ម ប្រកបដោយចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសមាគម បន្តខិតខំប្រឹងប្រែងចូលរួមជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារសំខាន់ទាំងក្នុងតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា ព្រមទាំងការពង្រឹងគុណភាព ការកសាងកេរិ៍្តឈ្មោះ និងនវានុវត្តន៍ផលិតផល ផងដែរ។
បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជាសម្រេចបាន ក៏ដូចជាការចុះអនុស្សរណៈយោគយល់គ្នានេះ ដែលពិតជាចូលរួមចំណែកសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍វិស័យនេះ ឱ្យកាន់តែរីកចម្រើន មានភាពធន់ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ជាពិសេសនៅពេលកម្ពុជាចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅពេលខាងមុខ៕