(ភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធីក្នុងការចូលរួម«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»(CTE) និងមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងឯកឧត្តម លោកជំទាវ លោក-លោកស្រីជាពាណិជ្ជករ/អាជីវករជាច្រើនរូប។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខាងលើ បានបង្ហាញពីកាលវិភាគ បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការចូលរួម «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»(CTE) និងមានការលើកឡើងជាសំណួរផ្សេងៗពីបងប្អូនពាណិជ្ជករ/អាជីវករ អំពីការរៀបចំស្តង់ ការផ្សព្វផ្សាយ ការលក់ និងការស្វែងរកដៃគូអាជីវកម្មក្នុងអំឡុងពេលពិព័រណ៍។
សូមជម្រាបផងដែរថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»(CTE)នឹងរៀបចំឡើងពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ ក្រោមមូលបទ៖ “យុគសម័យថ្មីនៃពាណិជ្ជកម្ម”៕