(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍ស្ដីពីវឌ្ឍនភាពការងារចុងក្រោយរបស់គណៈកម្មការ អនុគណៈកម្មការ អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងក្រុមហ៊ុន ក្នុងការរៀបចំដំណើរការសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៤ ទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥
២. របាយការណ៍វឌ្ឍនភាពការងារកំណែទម្រង់រដ្ឋបាលសាធារណៈក្រសួងពាណិជ្ជកម្ម, ការងារប្រកាសទ្រព្យរដ្ឋមន្ត្រីរាជការស៊ីវិលក្រសួងពាណិជ្ជកម្ម, លទ្ធផលនៃការរៀបចំសិក្ខាសាលា ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និង ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៅខេត្តរតនគីរី
៣. របាយការណ៍ស្តីពី សូចនាករសមិទ្ធកម្មគន្លឹះទី៣១ "ចំនួនសហគ្រាសធុនតូច និងមធ្យម (SMEs) ផ្លូវការ ដែលធ្វើការនាំចេញ”, សូចនាករសមិទ្ធកម្មគន្លឹះទី៣៤ "ការយល់ឃើញរបស់ធុរជន និងសាធារណជនលើការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញតិពាក់ព័ន្ធ”។
៤. បញ្ហាផ្សេងៗ។