លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «Mini-Korea Brand & Entertainment Expo (KBEE) 2025»

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត​​ និងពិព័រណ៍កោះពេជ្រ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍​ «Mini-Korea Brand & Entertainment Expo (KBEE) 2025» ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ឧកញ៉ា គួច ផេង​ អនុប្រធានសហពាណិជ្ជកម្មកម្ពុជា​ លោក Koo Bonkyung អគ្គនាយកតំបន់សម្រាប់ទ្វីបអាស៊ីអាគ្នេយ៍និងអូសេអានី នៃទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន មន្ត្រី KOTRA និងតំណាងក្រុមហ៊ុនកូរ៉េ ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងនិងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើងបានយ៉ាងល្អប្រសើរ ប្រកបដោយភាពចម្រុះ រស់រវើក និងសម្បូរបែប ព្រមទាំងបានថ្លែងអំណរគុណផងដែរចំពោះការជ្រើសយកកម្ពុជាជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍នេះឡើង។

លោកជំទាវរដ្ឋមន្ត្រី បានបន្តថា ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ និងការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន​ ដែលជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ការផ្លាស់ប្តូរប្រពៃណី វប្បធម៌ ក្នុងស្មារតីលើកកម្ពស់មិត្តភាពឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ។ លើសពីនេះ ព្រឹត្តិការណ៍ពិព័រណ៍នេះក៏នឹងបង្កើនតម្លៃបន្ថែម ដោយនាំមកនូវកាលានុវត្តភាព​រួមគ្នាលើផ្នែកពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ផងដែរ។

មុនបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដូចខាងក្រោម៖

១- បន្តជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅកូរ៉េ ដូចជា៖ កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថលជាដើម។

២- បន្តលើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរ ចូលរួមក្នុងកម្មវិធីនានាទៅតាមកាលវិភាគនីមួយៗឱ្យបានច្រើនកុះករ និងជាពិសេសចាប់យកឱកាសនានាឱ្យបានជាអតិបរមា ក្នុងការឈានទៅចាប់ដៃគូសហការក្នុងការធ្វើធុរកិច្ច និងវិនិយោគ ព្រមទាំងទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ, កិច្ច-ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ, និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលប្រទេសយើងទាំងពីរជាសមាជិក ដើម្បីជួយជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។

៣- បន្តលើកទឹកចិត្តឱ្យទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ ពិនិត្យលទ្ធភាពចាប់ដៃគូសហការជាមួយក្រុមការងារជំរុញការនាំចេញ និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំជាកម្មវិធី Roadshow, សិក្ខាសាលាផ្សព្វផ្សាយអំពីតម្រូវការផលិតផល/សេវាកម្មនៅទីផ្សារកូរ៉េ-កម្ពុជា និងនីតិវិធីនាំចូលនានា, ជំនួបផ្គូរផ្គងធុរកិច្ច, និងកម្មវិធីតាំងពិព័រណ៍រួមគ្នា ជាដើម ដើម្បីបន្តនិងពង្រីកវិសាលភាពក្នុងការបង្កើតឱកាសដល់វិស័យឯកជនទាំងពីរ៕

https://s2.moc.gov.kh/mocspace/mocspace_1750758529418.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758529484.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758530305.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758529558.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758529497.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758529537.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758529579.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758529586.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758529680.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758529502.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758529591.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758529543.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758529606.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758529679.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758530308.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758529678.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758530303.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758530307.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758530313.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758530310.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758529934.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758530421.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758530311.jpg